គោលនយោបាយអព្យាក្រឹត នៅក្នុងរបបសង្គមរាស្ត្រនិយម
នយោបាយអព្យាក្រឹត
នយោបាយអព្យាក្រឹត គឺជាការរួមរស់ដោយសន្តិសហវិជ្ជមានជាមួយបណ្តាប្រទេសនានាលើពិភពលោក ដោយនៅកណ្តាល មិនប្រកាន់មនោគមវិជ្ជាសេរី មនោគមវិជ្ជាកុម្មុយនីស្ត។
មូលហេតុនៃការអនុវត្តនយោបាយអព្យាក្រឹត
- អនុវត្តទៅតាមសេចក្តីសម្រេចនៃសន្និសីទក្រុងហ្សឺណែវ ឆ្នាំ ១៩៥៤ ដែលស្នើដោយចិន និងសូវៀត។
- កម្ពុជាចង់រួមរស់ដោយសន្តិសហវិជ្ជមានជាមួយបណ្តាប្រទេសនានាលើពិភពលោក ពិសេសជាមួយប្រទេសជិតខាង។
ការពង្រឹងនយោបាយអព្យាក្រឹត
- ថ្ងៃទី ១៨ ខែមីនា ឆ្នាំ១៩៥៥៖ ក្នុងដំណើរទស្សនកិច្ចនៅឥណ្ឌា សម្តេច នរោត្តម សីហនុ បានចុះហត្ថលេខាជាមួយលោក នេរុ លើសេចក្តីប្រកាសរួម គឺជាការរួមរស់ជាមួយគ្នាដោយសន្តិភាព។
- ថ្ងៃទី ១៨-២៤ ខែមេសា ឆ្នាំ១៩៥៥៖ ក្នុងសន្និសីទកំពូលនៃទ្វីបអាស៊ី-អាហ្វ្រិក នៅក្រុងបាន់ទុង សម្តេច នរោត្តម សីហនុ បានធ្វើសេចក្តីអះអាងពីកម្មវិធីនយោបាយអព្យាក្រឹតរបស់កម្ពុជា និងការរួមរស់ជាមួយគ្នាដោយសន្តិភាព។
- ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ១៩៥៥៖ ក្នុងពេលកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ តំណាងរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសពីមាគ៌ាអព្យាក្រឹតភាពនៃកម្ពុជា។
- ថ្ងៃទី ១-៦ ខែកញ្ញា ឆ្នាំ១៩៦១៖ សម្តេច នរោត្តម សីហនុ បានចុះហត្ថលេខាលើធម្មនុញ្ញនៃចលនាមិនចូលបក្សសម្ព័ន្ធ នៅប្រទេសយូហ្គោស្លាវី។
លទ្ធផលនៃការប្រកាន់នយោបាយអព្យាក្រឹតជំហានដំបូង
- មានការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ។
- ប្រទេសកម្ពុជាមានសុខសន្តិភាពរយៈពេល ១៥ ឆ្នាំ។
- កម្ពុជាមានឈ្មោះល្បីសុះសាយក្នុងតំបន់។
- ក្រុមអ្នកប្រឆាំងពុំហ៊ានប៉ះពាល់ និងទទួលស្គាល់គុណសម្បត្តិនយោបាយអព្យាក្រឹត។
ដំណាក់កាលសង្គ្រាមត្រជាក់
- ឥទ្ធិពលនៃសង្គ្រាមត្រជាក់ និងមហាអំណាចមនោគមវិជ្ជាទាំងពីរ ពុំទុកកម្ពុជាក្នុងមាគ៌ាសន្តិភាព មាគ៌ាអព្យាក្រឹត។
- សហរដ្ឋអាមេរិក ថៃ វៀតណាមខាងត្បូង និងវៀតណាមខាងជើង ធ្វើសកម្មភាពប្រឆាំងនឹងនយោបាយអព្យាក្រឹត ដែលធ្វើឲ្យកម្ពុជាអនុវត្តនយោបាយអព្យាក្រឹតមិនចំទិសដៅ និងនាំកម្ពុជាទៅធ្លាក់ក្នុងភ្លើងនៃសង្គ្រាម។