រំលងទៅមាតិកា
AngkorKnowledgeAngkorKnowledge
កំណាព្យខ្មែរ

បទសូត្រដាក់ទង់ព្រះពុទ្ធសាសនា

១

ជាតិយើងអ្នកកាន់សាសនា

ត្រូវដឹងច្បាស់ថាព្រះពុទ្ធជិនស្រី

ទ្រង់មានឆព្វណ្ណរង្សី

គឺព្រះរស្មីទាំងប្រាំមួយពណ៌ ។

២

ផ្សាយចេញពីព្រះកាយទ្រង់

រុងរឿងឫទ្ធិរង្គប្រសើរបវរ

ឆ្កៀលឆ្លាត់កាយឆើតឆាយល្អ

ទាំងប្រាំមួយពណ៌ស្រស់ល្អសោភា។

៣

កំណើតនៃព្រះរស្មី

កើតដោយបារមីនៃព្រះភគវា

ធ្វើទានឥតមានរួញរា

កាលដែលនៅជាព្រះពោធិសត្វ ។

៤

រស្មីពណ៌ខៀវនោះណា

កាលឆ្កៀលនេត្រាទ្រង់ដោយចិត្តកាត់

ធ្វើទានដល់ឥន្ទព្រាហ្មណ៍ពិត

កាលនៅជាក្សត្រនាមស្រីភិរាស្ត្រ ។

៥

រស្មីពណ៌លឿងភ្លឺថ្លា

កាលដែលទ្រង់អារសាច់ផែធ្វើមាស

បិទពុទ្ធរូបភ្លឺឱភាស

ព្រះឥន្ទ្រជាងមាសទ្រង់វៃបណ្ឌិត ។

៦

រស្មីក្រហមនោះណា

កាលដែលមាតាពស់ខាំស្លាប់ពិត

បទុមស៊ូប្តូរជីវិត

កាត់បេះដូងបិទធ្វើថ្នាំមាតា ៖

៧

រស្មីពណ៌សសុទ្ធសាធ

ឱ្យទានដំរីសសោភា

កាលដែលព្រះបាទវេស្សន្តរក្សត្រា

ដល់ព្រាហ្មណ៍ប្រាថ្នាយកពោធិញាណ ៖

៨

រស្មីពណ៌ដូចជើងហង្ស

វិជ្ជាធរអារសាច់ខ្លួនប្រាណ

កាលមាតាទ្រង់យក្ខចាប់យកបាន

ឱ្យយក្ខសាមាន្យស៊ីប្តូរជីវិត ៖

៩

រស្មីពណ៌ផ្លេកពណ្ណរាយ

ឱ្យទានសាច់ឈាមជីវិត

កាលជាទន្សាយឈ្មោះសោមបណ្ឌិត

ដល់ឥន្ទព្រាហ្មណ៍ពិតថាអត់អាហារ ៖

១០

រស្មីខៀវលឿងក្រហម

សហង្សបាទព្រមភ្លឺផ្លេកអស្ចារ្យ

ត្រូវជាប្រាំមួយប្រការ

ទាំងចាស់កុមារចូរចាំទុកអើយ ៖

១១

(បទនិពន្ធរបស់ សម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត)

បទសូត្រដាក់ទង់ព្រះពុទ្ធសាសនា | AngkorKnowledge